Domlai.com
គណនីហាង: ចុះឈ្មោះហាង     គណនីអ្នកប្រើប្រាស់​: ចូល
ប្រភេទអត្ថបទ : All Categories | General | Laptop | Mobile Games | Phone | Tablet | Tips | Watches
ជ្រើសយកអត្ថបទមុន :
មុខងារសំខាន់ទាំង៨របស់Iphone X

Posted on: 18 កញ្ញា, 2017 15:27    
​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ក្រុមហ៊ុន Apple ​មាន​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​ប្រចាំ​ឆ្នាំ ដោយ​បាន​ប្រកាស​ចេញ​ទូរស័ព្ទ iPhone ​ស៊េរី​ថ្មី​ម្ដង​ដល់​ទៅ ៣ម៉ូដែល​ដំណាលគ្នា ក្នុង​នោះ​មាន​ទាំង​ iPhone X ​ដែល​ត្រូវ​សម្រិតសម្រាំង​ទំនើប​ជាង​គេ​ផង​ដែរ។ យ៉ាងណា iPhone ដែល​អ្នក​ចង់​បាន​នេះ មិន​ទាន់​មាន​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ខែ​វិច្ឆិកា​ប្រហែល ១ជាង ឬ២ខែ​ខាង​មុខ។
​ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ និង​មុខងារ​សំខាន់​បំផុត​ទាំង៨ មាន​នៅ​លើ iPhone X ដែល​អ្នក​កំពុង​ចង់​ដឹង៖
 
#1 X គឺ​តំណាង​លេខ​១០ មិន​មែន​អិច (X)
 
 
​អ្នក​ខ្លះ​ប្រហែល​ភ័ន្តច្រឡំ​ទៅ​នឹង​ការ​ហៅ​ឈ្មោះ​ iPhone 10 ​ដែល​ក្រុមហ៊ុន Apple ​បាន​ប្រើ​លេខ​រ៉ូម៉ាំង X ជា​តំណាង។ ដូច្នេះ​អ្នក​ប្រហែល​ត្រូវ​ប្ដូរ​ទម្លាប់​ហៅ iPhone ១០ វិញ​ហើយ។
 
#2 អេក្រង់​ថ្មី
 
iPhone X ​ត្រូវ​បាន​ប្រើ​អេក្រង់​ប្រភេទ​ថ្មី​គឺ OLED ហើយ​ត្រូវ​បាន​ឌីហ្សាញ​ថ្មីប្លែក ដោយ​លាត​សន្ធឹង​ស្ទើរ​ពេញ​ផ្ទៃ​មុខ ឬ​អាច​ហៅ​ថា គែម​ស្ដើង edge-to-edge។ ពិសេស​ទៀត​នោះ ដោយសារ​ការ​លាត​សាច់​អេក្រង់​ស្ទើរ​ពេញ​ផ្ទៃ​ខាង​មុខ ដូច្នេះ​ហើយ​ដើម្បី​កុំ​ឱ្យ​ទើស និង​ដើម្បី​ឱ្យ​ស័ក្ដិសម​ជា​កំពូល​ស្មាតហ្វូន​ទំនើប​បែប premium phone នោះ Apple ថែមទាំង​បាន​ដក​ប៊ូតុង Home ចេញ និង​ជំនួស​មក​វិញ​នូវ​មុខងារ​ស្កេន​ផ្ទៃ​មុខ Face ID ​សម្រាប់​ជា​ការ​ដោះសោ​ជំនួស​វិញ ហើយ​ក៏​មាន​សុវត្ថិភាព​ជាង​ផង​ដែរ។
 
#3 បង្កើន​សមត្ថភាព​កាមេរ៉ា​មុខ-Selfie Camera Upgrade
 
 
​កាមេរ៉ា​ខាង​មុខ​សម្រាប់​ថត​ selfie ​ជំនាន់​មុន មិន​មាន​អ្វី​គួរ​ចាប់អារម្មណ៍​នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​កាមេរ៉ា​ថ្មី​មាន​នៅ​លើ iPhone X ​វិញ គឺ​ពិត​ជា​ទំនើប ដោយ​ក្រុមហ៊ុន​បាន​បញ្ចូល​មុខងារ portrait mode ​ដូច​នៅ​លើ​កាមេរ៉ា​ក្រោយ​របស់ iPhone 7 ដែរ ដែល​វា​អាច​ឱ្យ​អ្នក​ថត​រូប មាន​ផ្ទៃ background ព្រាល រឹតតែ​ធ្វើ​ឱ្យ​រូប selfie ​ថត​ចេញ​មក ទាំង​ស្អាត ហើយ​លក្ខណៈ​អាជីព។
 
#4 Face ID បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ សម្រាប់​ដោះ​សោ​ទូរស័ព្ទ និង​ប្រើ​ជាមួយ Apple Pay
 
 
បទពិសោធន៍​ស្កេន​ក្រយៅដៃ​មាន​តាំងពី​ឆ្នាំ២០១៤ ដែល Apple ​បាន​បំពាក់​នៅ​លើ iPhone 5S។ ចំណែក​ការ​ដក​ប៊ូតុង Home ​ពី iPhone X នេះ​គឺ​ស្មើ​នឹង​ដក​មុខងារ Touch ID ចេញ តែ​ជំនួស​មក​វិញ​នូវ Face ID ​ដែល​ជា​បច្ចេកវិទ្យា​សម្គាល់​ផ្ទៃ​មុខ ដើម្បី​ដោះ​សោ​ទូរស័ព្ទ​យ៉ាង​ងាយស្រួល។ Face ID ​មាន​សុវត្ថិភាព​ខ្ពស់​ជាង Touch ID រហូត​ដល់​ទៅ ១០ដង ដូច្នេះ​ឯកសារ​សំខាន់ៗ​របស់​អ្នក នឹង​មាន​សុវត្ថិភាព​ខ្ពស់​ជាង​មុន​ថែមទៀត។
 
#5 មុខងារ​និយាយ​ចេញ​រូប Emojis និយាយ និង​ធ្វើ​ត្រាប់​តាម​ភ្លាមៗ – Talking Emojis
 
 
ប្រព័ន្ធ​សូហ្វ៊ែរ facial recognition ថ្មី​របស់ Apple ថែមទាំង​អាច​បង្កើត​ចលនា ទៅ​លើ​រូប emojis ដ៏​ពេញ​និយម​ខ្លះ​បាន​ផង​ដែរ ដូច្នេះ​អ្នក​អាច​រៀបចំ​ខ្លួន និង​ការ​សំដែង​បែប​កំប្លែង​សើច នៅ​ពី​មុខ​អេក្រង់ iPhone X ដើម្បី​បង្កើត emoji ​មាន​ជីវិត​បាន។ បច្ចេកវិទ្យា​នេះ អាច​ឱ្យ​គេ​ បង្កើត និង​រក្សា​ទុក ជា​វីដេអូ​ខ្លីៗ និង​ងាយស្រួល​ចែកចាយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ថែមទៀត។
 
#6 ឌីហ្សាញ​សំបក​ក្រោយ និង​ខាង​មុខ ក្រាល​ដោយ​សារធាតុ​កញ្ចក់ glass
 
iPhone ថ្មី​នេះ ត្រូវ​បាន​ក្រាល​ដោយ​កញ្ចក់ ទាំង​នៅ​ខាង​មុខ និង​ផ្នែក​ខាង​ក្រោយ ដែល​ទំនង​ជា​ឆាប់​រង​សម្ពាធ អាច​ងាយ​នឹង​ប្រេះបែក មិន​ដូច​ iPhone ជំនាន់​មុន។ តែ​យ៉ាងណា រចនាបថ​ថ្មី​ក៏​ព្រោះ​តែ ដើម្បី​អាច​ប្រតិបត្តិ​មុខងារ​សាកថ្ម​ឥត​ខ្សែ Wireless Charging ដែរ ម្យ៉ាង​ក៏​មាន​លក្ខណៈ​ទំនើប ចាំង​ថ្មី មិន​ងាយ​ស្រអាប់ ឬ​ចាស់​សំបក​ឡើយ។ iPhone X ក៏​មិន​ខុស​នឹង iPhone 7 ដែរ ដោយ​វា​មាន​មុខងារ​មិន​ជ្រាប​ទឹក ដូច្នេះ​ការ​ប្រើ​ក្នុង​បន្ទប់​ទឹក ឬ​អាង​ហែលទឹក​ដើម្បី​ថត​រូប​លេង លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ។
 
#7 មុខងារ​សាកថ្ម​ឥត​ខ្សែ – Wireless Charging
 
iPhone ថ្មី​ទាំង៣ ចេញ​ឆ្នាំ២០១៧ នេះ ​គឺ​ជា​ទូរស័ព្ទ​ដំបូង​គេ​របស់ Apple ដែល​មាន​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ ហើយ​អ្នក​អាច​ប្រើ​វា​ជា​មួយ​ទ្រនាប់​សាក​ថ្ម Qi បាន។
 
 
8# ប្រព័ន្ធ​ប្រតិបត្តិការ iOS 11
ជំនាន់​ថ្មី​នៃ iOS ​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​ដំឡើង​ប្រើ​ផ្លូវការ​នៅ​សប្ដាហ៍​ក្រោយ ហើយ​វា​ពិត​ជា​ទទួល​បាន​ការ upgrade ​ថ្មី ពី​លើ​សូហ្វ៊ែរ​ឆ្នាំ​មុន។ ផ្ទៃ​កម្មវិធី​គឺ​មាន​សភាព​ស្អាត ច្បាស់ ស្រួល​មើល​ជាង​មុន ហើយ​ពិសេស​គឺ​មាន​ control center ​ថ្មី ដែល​អ្នក​អាច រៀបចំ​កំណត់​តាម​ដែល​អ្នក​ចង់​បាន ងាយស្រួល​ចេញចូល​មុខងារ ឬ​កម្មវិធី​បាន​លឿន៕
 
ដកស្រង់ចេញពី Bizkhmer.com
 
 
 


ទំព័រ 1 របស់ 1
កំណត់ត្រាសរុប :1